គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប្រធានសហគមន៍ព្រៃខ្លុងនិងអនុភូមិម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋក្នុងភូមិត្រពាំងពពេល


កម្លាំងរដ្ឋព្រៃឈើខេត្តសៀមរាប បានចាប់ខ្លួនប្រធានសហគមន៍ម្នាក់និងអនុភូមិពពេលម្នាក់ ក្នុងករណីកាប់រំលំដើមឈើនិងការដកបង្ខិតបង្គោលព្រំនិងបំផ្លាញស្លាក់សញ្ញាហាម ប្រព្រឹត្តបទល្មើសនៅក្នុងសហគមន៍ព្រៃខ្លុង ស្ថិតនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប បញ្ជូនមកតុលាការខេត្តសៀមរាប។

លោក ម៉ុន ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅរសៀល​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា ចាប់តាំងពីថ្ងៃទី២៧រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ និង ខេត្តបានសហការគ្នាចុះពិនិត្យជាក់ស្តែង នៅចំណុចទីតាំងឈូសឆាយកាប់រានផ្តួលរំលំដើមឈើ មាន៤ចំណុចនិយាមកា ក្នុងភូមិសាស្រ្តភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា ចំណុចទីតាំងទី១ បទល្មើសទន្រ្ទានដីព្រៃតំបន់ទ្រនាប់សហគមន៍អស់ទំហំប្រហែល១ហិកតា រុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រ ដែលមានអង្កត់ផ្ចិតចាប់ពី៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រ ចំណុចទីតាំងទី២ បទល្មើសទន្រ្ទានដីព្រៃចូលក្នុងសហគមន៍ព្រៃឈើអស់ទំហំ០,៥ហិកតា រុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រ មានអង្កត់ផ្ចិតពី៣០ទៅ៤០សង់ទីម៉ែត្រ ចំណុចទីតាំងទី៣ និងទី៤ ឃើញមានកាប់ផ្តួលរំលំដើមឈើដោយរណាយន្ត មានអង្កត់ផ្ចិតពី៣០ទៅ៦០សង់ទីម៉ែត្រ និង មានកំពស់ពី១០ទៅ២៥ម៉ែត្រ ដែលមានប្រភេទឈើ ធ្នង់ផ្ចឹក សុក្រម ឈ្លីក ស្វាយព្រៃ ខ្លុង ខ្វាវ ក្រុមការងារសហការជាមួយប្រជាពលរដ្ឋដើររាប់តាមគល់ឃើញមានចំនួន១២២៥ដើម។

បន្ទាប់មកក្រុមការងារបានកោះប្រជុំជាមួយសមាជិកគណៈកម្មការសហគមន៍ព្រៃឈើព្រៃខ្លុង ដើម្បីស្រាវជ្រាវរកមូលហេតុ និងអ្នកប្រព្រឹត្តបទល្មើស។

មូលហេតុគឺបណ្តាលមកពី លោក ទិត សុខាក់ ប្រធានសហគម៍ និងលោក សរ ឈាន អនុប្រធានភូមិត្រពាំងពពេល ជាមេផ្តើមគំនិតកសាងផ្លូវកាត់មុខសហគមន៍ ហើយខ្វះខាតលុយឲ្យថ្លៃគ្រឿងចក្រធ្វើផ្លូវ ក៏ចូលទៅកាប់ឈើលក់ដើម្បីយកលុយសងគេ ។

ករណីនេះលោកបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះបំផុសជាមួយប្រជាពលរដ្ឋ ឲ្យចូលរួមប្រមូលវត្ថុតាង (ឈើហ៊ុបមូល) ដាក់ជាគំនរមួយដុំ ដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការវាស់វែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ និងលោក អ៊ុត សារី នាយរងសង្កាត់បាននាំខ្លួនជនសង្ស័យចំនួន២រូប គឺឈ្មោះ ទិត សុខាក់ ប្រធានសហគមន៍ព្រៃឈើព្រៃខ្លុង និងឈ្មោះ សរ ឈាន អនុភូមិត្រពាំងពពេល ពីភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀល ថ្ងៃទី៣១ ខែមីនានេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការ នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នា ពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត។ 

ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក បទល្មើសកាប់រលំដើមឈើភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣១ខែមីនាឆ្នាំ ២០២៣នេះថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក វែង មួយគា បានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើដាក់ពន្ធនាគារបណ្ដោះអាសន្ន៕

Post a Comment

0 Comments