នាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យចំឡែកប្លែកអារម្មណ៍ប្រិយមិត្ត ដោយរថយន្តនិងផាអ៊ាប់ទុំលើថ្មចែកទ្រូងផ្លូវតែម្តង ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅខាងមុខធនាគារស្ថាបនា សាខាបឹងកេងកង ផ្លូវលេខ៩៣ ព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានកង់បី (PassApp) ពណ៌ស ស្លាកលេខ ភ្នំពេញ 1HZ-9549 បើកបរតាមផ្លូវ៩៣ ពីត្បូងទៅជើង ស្រាប់តែមានរថយន្ត Lexus-570 ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AT-8288 បើកបរថយក្រោយបានបុកកង់បីពេញទំហឹងឡើងលើរបាំងថ្មអញ្ចឹងហ្មងទៅ បានបង្កឱ្យអ្នកជិះកង់បីរងរបួសចំនួន២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

តាមការបញ្ជាក់ពីសាក្សីបានបន្ថែមថា រថយន្តបង្កខាងលើបានបើកបរមកមុនរួចបត់ចូលទៅធនាគារស្ថាបនា បន្តិចក្រោយមកក៏បើកបរថយក្រោយវិញ ស្របពេលនោះមានកង់បីមកដល់ពីក្រោយ ប្រហែលតៃកុងរថយន្តច្រឡំជាន់ហ្គែរដែលបន្ថែមល្បឿនស្មាន់តែហ្វ្រាំង ទើបបានថយក្រោយយ៉ាងលឿងបុកកង់បីពេញទំហឺងនិងឡើងលើរបាំងថ្មអញ្ចឹងទៅ។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌបឹងកេងកងបានមកដល់កន្លែងកើតហេតុ ខាងម្ខាស់រថយន្តក៏កំពុងដោះស្រាយការខូចខាតជាមួយនិងថ្លៃព្យាបាលអ្នករងរបួស រួមទាំងទ្រព្យសម្បត្តិរដ្ឋ ដើម្បីបញ្ចប់បញ្ហាដែលកើតឡើងនៅទីតាំងផ្ទាល់តែម្តង៕