គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សារព័ត៌មាន ក៏មានទំនួលខុសត្រូវមួយទៀតចំពោះអ្នកអានផងដែរ ដោយកុំចង់ទុកកេងចំណេញលើអត្ថបទដ៏គ្រោះថ្នាក់

 «មេរៀន VOD» ៖ នៅមុនពេល អង្គការបរទេសខ្លះ និងកាសែតបរទេសខ្លះ ធ្វើសេចក្តីថ្លែងការណ៍ និងចុះផ្សាយជុំវិញករណី VOD ខ្ញុំគួរចែករំលែកមេរៀនខ្លះចេញពីនេះ


១/ វិទ្យុ VOD ខ្លួនឯងតែមួយគត់ គឺជាដើមចមដែលនាំដល់ការបិទវិទ្យុ ដែលមានអាយុ២០ឆ្នាំមួយនេះ។ VOD បានផលិតព័ត៌មានមួយ ដែលមានខ្លឹមសារចាក់ដោតដ៏គ្រោះថ្នាក់ ដែលបំផ្លាញដល់ទំនុកចិត្តលើរដ្ឋបាលរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតសាច់រឿងថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុកលើប្រាក់ជំនួយ១០ម៉ឺនដុល្លារ។ រឿងនេះមិនអាចទេ និងក៏មិនពិតទេ។
២/ ការពិត VOD ផលិតសាច់រឿងនេះ ២ថ្ងៃ នៅក្រោយពេលក្រសួងការបរទេស ប្រកាសពីកម្ពុជា ផ្តល់ជំនួយទៅប្រទេសតួកគី។ VOD ទាត់ចោលលិខិតផ្លូវការរបស់ក្រសួងការបរទេសជាប្រភពដើម គឺជាកំហុសដោយចេតនា ហើយបែរជាប្រឹងពង្រីកការផ្សាយដោយឈរលើពាក្យចរចាមអារ៉ាម។
៣/ VOD ទោះបីចូលទៅបំភ្លឺនៅក្រសួងព័ត៌មាននាព្រឹកថ្ងៃអាទិត្យ ប៉ុន្តែល្ងាចឡើង VOD ចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួននឹងដាក់លិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន។ ទង្វើនេះ ឆ្លុះបង្ហាញថា វិទ្យុ បានទាត់ចោលតួនាទីក្រសួងព័ត៌មាន ហើយហាក់មិនឱ្យតម្លៃក្រសួងព័ត៌មាន ដែលជាអ្នកចេញអជ្ញាប័ណ្ណ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល។
៤/ លើទិដ្ឋភាពច្បាប់៖ VOD ព្រងើយកន្តើយលើលិខិតបំភ្លឺចំនួន៤ ដោយមិនព្រមយកខ្លឹមសារលិខិតទាំងនោះ ធ្វើការកែតម្រូវទាល់តែសោះ។ ក្នុងភាពស្អាតស្អំ និងភាពថ្លៃថ្នូរផ្នែកសុច្ចរិតភាព VOD ត្រូវធ្វើការកែតម្រូវលើបញ្ហានេះ ដើម្បីជាមូលដ្ឋានឧបករណ៍ច្បាប់សម្រាប់ការពារខ្លួន ក្នុងករណីមានការបន្ទោស ឬប្តឹងផ្តល់។ ប៉ុន្តែ VOD ខ្ជះខ្ជាយពេលវេលា មិនអើពើ មិនធ្វើកិច្ចការនេះទាល់តែសោះ។ លុះមានសម្ពាធខ្លាំងឡើង ទើប VOD ស្ទុះទារ ចេញផ្សាយអត្ថបទមួយដកស្រង់ខ្លឹមសារសំណេររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។ ករណីនេះ ទោះបីផ្សាយជាអត្ថបទសំណេរ ក៏នៅតែខុស គឺខុសនៅលើទម្រង់នៃរបៀបត្រូវកែតម្រូវ។ តាមច្បាប់ បើចុះផ្សាយគេជា វីដេអូ នោះការកែតម្រូវ ក៏ត្រូវធ្វើជាវីដេអូវិញដែរ។ មានន័យថា ធ្វើគេយ៉ាងម៉េច សងគេយ៉ាងហ្នឹង។ តែចំណុចកែតម្រូវដែលជាឧបករណ៍ការពារខ្លួន គឺ VOD ខកខានមិនបានធ្វើ។
៥/ លើសុច្ចរិតភាព និងសុជីវធម៌ ៖ VOD ហាក់គ្មានឆន្ទៈក្នុងការទទួលខុសត្រូវលើការកែតម្រូវ និងធ្វើតាមសំណូមពររបស់ភាគីនោះទេ។ ខ្ញុំក៏អាចយល់បានថា VOD ព្យាយាមទម្លាក់កំហុសនេះទៅនរណាម្នាក់។ ទោះជាយ៉ាងណា រាប់ថាជាសំណាងទៅចុះ ដែល VOD អាចរំខាន សម្តេចនាយករដ្ឋមន្ត្រី ឱ្យធ្វើការឱ្យខ្លួនទាំងថ្ងៃអាទិត្យ និងកណ្តាលអាធាត្រថ្ងៃអាទិត្យបាន។ មានសំណាងឆ្លងឆ្លើយជាមួយ នាយករដ្ឋមន្ត្រី តាមរយៈលិខិត ប៉ុន្តែ បែរជាខ្ជះខ្ជាយ កំណាញ់សូម្បីពាក្យពេចន៍! ឱ! លោកអ្នកថ្លៃ! និយាយឱ្យសាមញ្ញ បើទោះបី VOD ទទួលថវិកាពីបរទេសក៏ដោយ ប៉ុន្តែប្អូន ក្មួយ កូន គឺជាខ្មែរ១០០% ហើយកំពុងធ្វើការនៅក្នុងសង្គមខ្មែរ ដែលមានវប្បធម៌ទន់ភ្លន់ថ្លៃថ្នូរមួយ។ បើគិតលើរបៀបខ្មែរ ហើយគិតត្រឹមថាគោរពចាស់ទុំ ឯកឧត្តមរដ្ឋមន្ត្រី ជាបង ឬសម្តេចនាយករដ្ឋមន្ត្រី ជាឪពុក នោះភាពក្រអឺតក្រទម មិននៅក្នុងខ្លួនមនុស្សខ្លះ ក្នុង VOD នោះទេ។ ការសម្រេចរបស់ សម្តេច គឺឆ្លើយតបតាមទង្វើរបស់ VOD ប៉ុណ្ណោះ ដែលមានន័យថា គឺ VOD ខ្លួនឯងដែលរុញស្ថានការណ៍ដោយខ្វះការថ្លឹងថ្លែងឱ្យដល់ចំណុចនេះ។
៦/ បែបបទរដ្ឋបាល ៖ VOD ចេះសរសេរដំណឹងក្តៅ តែមិនចេះកិច្ចការរដ្ឋបាល ហើយខុសទម្រង់ទៅទៀត។ របៀបចាត់ចែងពេលវេលាដោះស្រាយរឿង ក៏កាន់តែយ៉ាប់។ កាសែតទាំងឡាយ គួរចេះបែបបទរដ្ឋបាល ចេះគ្រប់គ្រងបញ្ហា និងរបៀបដោះស្រាយបញ្ហា ហើយកុំមានភាពក្រអឺតក្រទម។ យន្តការក្រសួងព័ត៌មានល្អណាស់ តែ VOD មិនបានប្រើប្រាស់ឱ្យអស់លទ្ធភាព។
៧/ ចងចាំថា សុំកុំយកអកប្បកិរិយាបរទេស ឫកពារបរទេស ឬសម្ពាធបរទេស មកធ្វើការជាមួយ សម្តេច ហ៊ុន សែន។ ចម្លើយសាមញ្ញទេ បិទ VOD គឺបិទវិទ្យុ មិនមែនបិទសេរីភាពទេ ព្រោះអ្នកឯទៀត មានសេរីភាពពេញលេញ។ បើ VOD មិនមានៈលើកំហុសនេះ ក៏គ្មានទល្ហីករបិទវិទ្យុនេះដែរ។ ករណីរួចមកហើយនេះ អ្នកទាំងឡាយជាបុគ្គលិក គួរបន្ទោសថ្នាក់ដឹកនាំ VOD ខ្លួនឯង ដែលខ្វះភាពចាស់ទុំ។ ខ្ញុំឃើញយុទ្ធនាការបង្ហោះសារ Save VOD ប៉ុន្តែអង្ករក្លាយជាបាយរួចទៅហើយ ហើយបើប្រៀបធៀបចំនួនតាមអ្វីដែលនិយាយថា ប្រជាធិបតេយ្យ អ្នកគាំទ្រឱ្យបិទ ច្រើនជាងអ្នកគាំទ្រឱ្យទុក។ បើចេះជួយគ្នា បុគ្គលិក VOD មួយចំនួនច្បាស់ជាទៅធ្វើការងារឱ្យ CCHR, CCIM, CambodJa ហើយនំប៉័ង១ចែកគ្នា២នាក់ទៅ។ ខ្ញុំមិនបន្ទោសទេ ហើយខ្ញុំក៏មិនអប់រំទូន្មាន VOD ដែរ។ សំណេរនេះសម្រាប់ជាការចែករំលែកនូវមេរៀនដល់អង្គភាពព័ត៌មានដ៏ទៃ «បើខុស កុំខ្លាចកែតម្រូវ» ហើយធ្វើជាបន្ទាន់ ព្រោះសារព័ត៌មាន ក៏មានទំនួលខុសត្រូវមួយទៀតចំពោះអ្នកអានផងដែរ ដោយកុំចង់ទុកកេងចំណេញលើអត្ថបទដ៏គ្រោះថ្នាក់។ សិទ្ធិយើង សិទ្ធិគេ! «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់»៕

Post a Comment

0 Comments