ខេត្តកោះកុង  កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានគេប្រទះឃើញរថយន្ត១គ្រឿង បើកធ្លាក់ចូលក្នុងទឹកព្រែកសមុទ្រ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ក្នុងរថយន្ត និងឃើញបុរសម្នាក់បញ្ចប់ជីវិតលើដើមឈើ ស្ថិតនៅចំណុចចាំលុង ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង 


ជនបង្កឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(បានបញ្ចប់ជីវិតនៅលើដើមឈើ 


ចំណែកជនរងគ្រោះដោយអំពើឃាតកម្មនោះឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លាប់ក្នុងរថយន្ត


ករណីនេះតាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តី សំ សុខ បានចេញពីផ្ទះមិនដឹងទៅណា ដោយគ្មានបានប្រាប់ប្រពន្ធសូម្បីបន្តិច  


លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មកប្រពន្ធថា គាត់នៅភូមិទួលគគីរ ពេលនោះប្រពន្ធបានសួរទៅវិញ នៅទួលគគីរធ្វើអីយប់ហើយ ប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និង សុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅតេមិនចូលតែម្តង


ស្ត្រីជាប្រពន្ធបានបន្តថា ស្រាប់តែនៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន 


អ្នកនេសាទរាយការណ៍ពីហេតុការណ៍ភ្លាមៗ សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុស្សប្រុសម្នាក់បញ្ចប់ជីវិតនៅដើមឈើប្រាកដមែន និងបានឃើញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែកសមុទ្រ  


បន្ទាប់មកសមត្តកិច្ច បានពិនិត្យសពនៅកន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុងហើយសមត្ថកិច្ចក៏បានស្ទូចរថយន្ត១គ្រឿងនោះឡើងលើគោក ទើបដឹងថា រថយន្តម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2AH 6044 ក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ ដេកស្លាប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ គឺជាសាកសពដែលគេស្គាល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍ តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ 


មុនកើតហេតុដំបូង មានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរ ស្រាប់តែមានគេតេចូលមកទូរស័ព្ទជនរងគ្រោះ ដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ ពេលនោះក៏ សំ សុខ មានចិត្តប្រចណ្ឌខឹង ហើយក៏នាំជនរងគ្រោះ កប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកឲ្យស្លាប់ទាំងអស់គ្នាប៉ុន្តែដោយខ្លួន «សំ សុខ» មិនស្លាប់ ទើបស្ទុះចេញពីក្នុងរថយន្ត ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង  


សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚