គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្លិប​អ្នក​កាសែត​កម្ពុជា​ បានបើកកិច្ចប្រជុំពិនិត្យ និង​ពិភាក្សា​អំពីការរៀបចំ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌សារព័ត៌មានកម្ពុជា

 សេចក្តីប្រកាសព័ត៌មាន


.............................................
យោងតាមសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ និង​អនុសាសន៍​របស់​ឯកឧត្តម ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការ​នាយកក្លិប​អ្នក​កាសែត​កម្ពុជា​ បានបើកកិច្ចប្រជុំពិនិត្យ និង​ពិភាក្សា​អំពីការរៀបចំ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌សារព័ត៌មានកម្ពុជា ។
គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏​ដូច​ជា​កែលម្អវិជ្ជាជីវៈសារព័ត៌មាន​ជា​ពិសេស​សម្រាប់​ស្ថាន​ភាព​សារព័ត៌មាន​បច្ចុប្បន្ន​នៅកម្ពុជា។
​ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយក ក.អ.ក បាន​សម្រេច​បង្កើត​គណៈ​កម្មការចំពោះកិច្ចមួយដើម្បីពិនិត្យសិក្សាស្រាវជ្រាវ​ក្រមសីលធម៌​ពី​បណ្តា​ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និង​ប្រទេស​ជា​ច្រើន​ទៀត​ដើម្បី​បំពេញ​បន្ថែម​លើ​ក្រម​សីលធម៌របស់​ក្លិបអ្នកកាសែត​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាងបច្ចុប្បន្ន និងឱ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។
ដើម្បីបន្តការងារនេះឱ្យរលូន និងឱ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយក ក៏នឹងបង្កើតគណៈកម្មការមួយទៀតដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផង ដើម្បី​សិក្សា​លម្អិត​និងស៊ីជម្រៅមុននឹងឈានទៅបង្កើតឱ្យចេញជារូបរាងនូវក្រុមប្រឹក្សា​ក្រម​សីលធម៌សារព័ត៌មាន។
ក.អ.ក នឹងបង្កើតវេទិការពិភាក្សា និង​ផ្សព្​វផ្សាយ​ក្រម​សីលធម៌​សារព័ត៌មាន​ជា​បន្ត​បន្ទាប់ និងជាទ្រង់​ទ្រាយ​ធំជា​លើក​ដំបូង​នៅ​អំឡុងដើម​ខែមេសាខាង​មុខ​នេះ ​ដោយចាប់ផ្តើមពីសមាជិក សមាជិកា ក.អ.ក ប្រមាណជាង ៥០០នាក់ មក​ពី១៧២ស្ថាប័ន ដើម្បីសមាជិក សមាជិកា ក.អ.ក ទទួល បាន​នូវ​ខ្លឹម​សារ​រួម​នៃ​ក្រមសីលធម៌សារព័ត៌មាន និង​ជំរុញ​ឱ្យ​មាន​ការ​លើ​កម្ពស់​គោរ​ពក្រម​សីល​ធម៌​ដោយការទទួលខុសត្រូវខ្ពស់ ។
គណៈកម្មាធិការនាយក ក.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ក្រសួង​ព័ត៌មានដែលតែងតែ គាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ ក.អ.ក ពិសេស​គំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បី​ជា​ប្រយោជន៍​របស់អ្នកសារព័ត៌មានទាំងអស់៕

Post a Comment

0 Comments