https://vt.tiktok.com/ZS86n8FBL/

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលក់គ្រឿងសង្ហារឹម តាមបណ្តោយផ្លូវព្រះសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា ដោយទទួលបាលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកកាន់លេខទូរស័ព្ទបន្ទាន់របស់ការិយាល័យ ដោយបានបញ្ជាក់ថា មានករណីគ្រោះអគ្គិភ័យនៅចំណុចស្តុបចំការមន ឆេះផ្ទះលក់គ្រឿងតុទូរ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក លោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅក្នុងរាជធានីភ្នំពេញ ធ្វើការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលាម៉ោង។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើងកំពុងធ្វើការស្រាវជ្រាវ ហើយក្នុងនោះធ្វើឲ្យខូចខាតអស់ផ្ទះចំនួន ២ខ្នងទាំងស្រុង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ប្រហែល ២០ចំនួន ៣ខ្នង ដែលសង់អំពីថ្មបេតុង ទំហំ .២ម៉ែត្រ x ២០ម៉ែត្រ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ដោយប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១៥ឡាន ស្មើនឹង ៤៦០ម៉ែត្រគូបរថយន្តជំនួយអន្តរាគមន៍មកពី រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង១៦ម៉ែត្រគូបរថយន្តរបស់កងរាជអាវុធហត្ថ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូបរថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿងប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូបរថយន្តទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង  ៥៦ម៉ែត្រគូបរថយន្តទីក្រុងកោះពេជ្រ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូបរថយន្តទីក្រុងកោះនរាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២និង៣០នាទីនាថ្ងៃខែឆ្នាំដដែរ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតឡើយ៕