ដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។


ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួសនិងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ 


សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។


 សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់នេប៉ាល់ម្នាក់ម៉ាឡេស៉ីម្នាក់សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)


គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ 


បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារចូលរួមមរណៈទុកក្នុងឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែតនេះផងដែរក្នុងពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវលេខ៣១ និងលេខ៣៣ នៅខេត្តកំពត ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។


ក្នុងប្រតិបត្តិការរុករកនិងសង្គ្រោះនេះ វត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង ឯកឧត្តម កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចុះពិនិត្យចង្អុលបង្ហាញ ក្នុងការដោះស្រាយដើម្បីសង្គ្រោះជីវិតបងប្អូនជាប់គាំងក្នុងអគារនេះ។


អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។


ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធហត្ថ និងយោធាព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕ #ប្រភព_លោកពូអ៊ុំ_រាត្រី