ជនសង្ស័យម្នាក់ជាឃាតក និងត្រូវជាប្ដី បានប្រើកូនកន្ត្រៃចាក់កសម្លាប់ប្រពន្ធ ខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងមុង រួចគេចចេញពីកន្លែងកេីតហេតុ បាត់ ទាំងយប់ លុះព្រឹកឡើងទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ប្រទះឃេីញ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភ្លាមនោះក៏ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនឃាតកជាប្ដីបាននាថ្ងៃខែដដែល ផងដែរ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកឃាតកជាប្ដី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ១-កូនកន្ត្រៃតូច ពណ៌ក្រហមចំនួន០១, ២-ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ផ្ទៃមេឃ ចំនួន០២គ្រឿង (មួយគ្រឿងអត់ថ្ម និងអត់សំបកខាងក្រោយ), ៣-ថង់ក្រណាត់ពណ៌ក្រហមចំនួន០១ ។

ប្រភពពីសមត្ថកិច្ចដដែល បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយជនរងគ្រោះ(សព)ឈ្មោះ យឺន ឌីណា (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ស្ថិតនៅកន្លែងកេីតហេតុ ពេលនោះ ជនសង្ស័យ បាននិយាយប្រាប់ឱ្យជនរងគ្រោះ ឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រោះជនសង្ស័យមានការប្រចណ្ឌ ទៅលើជនរងគ្រោះ ថាមានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា ហើយជនរងគ្រោះបាននិយាយប្រកែក ជាមួយជនសង្ស័យជាប្តី ថា មិនឈប់ធ្វើការទេ បើប្តីនៅតែបង្ខំឱ្យ ជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅ កន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង។ 

បន្ទាប់មកជនសង្ស័យ ជាប្តីខឹង នឹងសម្ដីរបស់ជនរងគ្រោះចាប្រពន្ធ ក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហមពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀក កពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់កសង្កត់ ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយមកជនសង្ស័យក៏បានជិះម៉ូតូសេ១០០ ម៉ាកកូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) គេចខ្លុនទៅដល់ផ្លូវជាតិលេខ៣ តែមិនដឹងថា ទៅទីណាឲ្យពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីន ជិះទៅមុខលែងរួច ជនសង្ស័យក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយ ដោយមិនស្គាល់ទីតាំងរួចក៏ដើរតាមផ្លូវជាតិលេខ៣ បន្ត រហូតដល់ ម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរ ជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី ។ បច្ចុប្បន្ន នេះ ជនសង្ស័យជាឃាតក ដែលសម្លាប់ប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងជំនាញធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកសពស្ត្រីជាប្រពន្ធ បន្ទាប់ពីរសមត្ថកិច្ចធ្វេីកំណត់ហេតុ និងកុសលបច្ច័យរួចរាល់ ប្រគល់ឱ្យសាច់ញាតិ ចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕