ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ  ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ ខាងមុខនេះ គឺ​នៅវេលា​ម៉ោង ១៦,០០​នាទី​រសៀល​។

ទោះបីជា​មានការ​រៀបចំ​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មាន​របៀប​ខុសៗ​គ្នា ប៉ុន្តែ​បើតាម​ទ​នៀម​ពី​បុរាណ​តរៀងមក​គឺ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។

ទន្ទឹម​នោះ​ក៏ត្រូវ​ក្រាល​សំពត់​ពណ៌​ស ឬក៏​ពណ៌​ក្រហម​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។​ក្រៅពីនោះ​ត្រូវ​ត្រៀម​នូវ​រណ្តាប់​ដែលជា​គ្រឿង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​រួមមាន ៖ បាយសី​៩​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លាច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ផ្លែឈើ​១១​មុខ រៀប​ដាក់​លើ​ពាន​១១​គូ ដូង​ទ្បៅ​មួយគូ និង​ទឹកស្អាត​២​កែវ។​

នៅ​ម៉ោង​ដែល​ទេវតា​ត្រូវ​ចុះមក​នោះ ត្រូវ​ប្រមូល​គ្រួសារ​មកជួប​ជុំគ្នា​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតន​ត្រ​យ័ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត បរិសុទ្ធ​ជ្រះ​ស្រ​ទ្បះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក រហូត​ចប់​ពិធី​ទទួល​ទេវតា​។​

សូមជម្រាបថា ចំពោះ​បាយសី​៩ ថ្នាក់​និង​៧​ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង​។

ប៉ុន្តែ​សម្រាប់​ប្រជារាស្ត្រ​គួរ​ធ្វើ​តែ​បាយសី​៥​ថ្នាក់​ចុះមក​ក៏បាន​ដែរ ឬក៏​រៀប​ត្រឹម​គ្រឿង​សក្ការៈបូជា​ដែលមាន​ទៀន​៥ ធូប​៥ ស្លាធម៌ កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ​ហើយ​។​

ចំណែក​ផ្លែឈើ​ក៏​ដូចគ្នា​គឺ​រៀប​ត្រឹម​៥​មុខ ឬក៏​៤​មុខ​ក៏បាន​ដែរ តាម​ធនធាន​រៀងៗ​ខ្លួន​។ ទន្ទឹម​នោះ​នៅ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ ខណ​បាយសី​ក៏ត្រូវ​ដុត​ទៀន​បំភ្លឺ​ផង​៕