ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណាឃួង ស្រេង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញ ក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ  ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ខាងមុខនេះ។



ពិធីសូត្រមន្តតាមបែបសាសនានេះធ្វើឡើង នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរ ទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។


ការប្រារព្ធឱ្យមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំឱ្យបុព្វកាលរីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ឱ្យជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ២០២៣ ខាងមុខនេះ។


ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងអោយជាតិសាសន៍ ឬ ព្រះពុទ្ធសានានៅលើពិភពលោក ធ្វើអោយពុទ្ធសាសនិក មានចិត្តស្ងប់ មិនកាចសាហាវ គោរពបូជាចំពោះព្រះធម៏និងរួមចិត្តថ្លើមគ្នា ដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕