​យោង​តាមប្រភពព័ត៍មានពី​មន្ទីរប្រឆាំង​គ្រឿងញៀន​ នៅថ្ងៃចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែនចំនួន​០២នាក់,ម្នាក់ជាជនជាតិឡាវ និងម្នាក់ទៀតវៀតណាម​ ក្រោយ​កម្លាំង​ជំនាញ​ ចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ព្រមទាំង​រឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម​ ដោយយកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 


​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ បានបញ្ជាក់បន្ថែមថា​ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ​ និងលោកវរសេនីយ៍ទោ គង់ នៅ  នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ  បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។