នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីល្ងាច មានរថយន្តបាឡែនពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2N-1204 ត្រូវគេបានស្គាល់ថាម្ចាស់រថយន្តមានឈ្មោះ សេត ដែលជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ដុះស្លែប្រចាំខេត្តសៀមរាបជាយូរឆ្នាំមកហើយនោះ ក៏ធ្លាប់ត្រូវបានជំនាញរដ្ឋបាលព្រៃឈើចាប់បានកន្លងមកហើយដែរ។

ប៉ុន្តែឈ្មួញដឹកឈើជើងខ្លាំងរូបនេះនៅតែពុំរាងចាល នៅតែធ្វើការបន្តដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្លើន ដដែលដោយមិនខ្លាចញញើតច្បាប់បន្តិចនោះឡើយ តែវាសនាអាក្រក់នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ រថយន្តខាងលើដាក់ឈើឡើងពេញបំរុងដឹកឆ្ពោះទៅទិសខាងលិចឯខេត្តសៀមរាប។

ហើយត្រូវបានគេប្រទះឃើញក៏បានធ្វើការសហការជាមួយលោក លី សូផា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដេញស្ទាក់រថយន្តដឹកឈើរបស់ឈ្មោះ សេត នោះក៏បានបើកបកក្រោយហើយទើបធ្វើការឃាត់បានតែម្តង ត្រង់ចំណុចរង្វង់មូលផ្ការំដួលស្វាយធំនៅវេលាម៉ោង៧ល្ងាចថ្ងៃខែឆ្នាំដដែល។

រីឯម្ចាស់រថយន្តនេះផងដែរក៏បានគេចខ្លួនបាត់ស្រមោលតែម្តង គួរបញ្ជាក់ផងដែរថា រថយន្តនិងឈើដែលជាវត្ថុតាងត្រូវបានយកទៅរក្សាទុក្ខនៅ ផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី រង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ព្រៃឈើផងដែរ៕