តាមសេចក្ដីរាយការណ៍បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ០២៣


នេះថា ជនសង្ស័យឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធបញ្ចប់ជីវិតនារី​កាស៊ីណូ ​នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានប៉ូលិស ស្រុកឆែប ខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ កាលពីម៉ោង ១០ យប់ ថ្ងៃទី២០ មេសា ២០២៣ ខណៈសំងំលេបថ្នាំដើម្បីបញ្ចប់ជីវិតខ្លួនឯង នៅក្នុងផ្ទះសំណាក់ មួយកន្លែង ពេលជនសង្ស័យកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ហើយប៉ូលិសក៍មិនទាន់សួរនាំបានដែរ ។

សូមបញ្ជាក់ថានៅវេលាម៉ោង១យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានការប្រទះឃើញសពនារីម្នាក់ដេកស្លាប់ខ្លួនអាក្រាតកាយនិងដាច់ក្បាលចេញពីខ្លួននៅក្នុងបន្ទប់ទឹក ។

ជនរងគ្រោះ ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ឆ័យនិងស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តព្រះវិហារបានឱ្យដឹងថា ជនសង្ស័យ ឡោ គង់ហួរ ក្រោយពីធ្វើសកម្មភាពរួចមានបំណងរត់ឆ្លងដែនចូលទៅប្រទេសឡាវ តែដោយស្ថានភាពយប់និងគ្មានមធ្យោយបាយក៏សម្រេចចិត្តចូលស្នាក់នៅផ្ទះសំណាក់ កុលាបបីទង នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ 

បន្ទាប់មកក៏បានលេបថ្នាំដើម្បីបញ្ចប់ជីវិតខ្លួនឯង ត្រូវបានម្ចាស់ផ្ទះសំណាក់​ឈ្មោះ សឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ ដឹងទាន់ក៏ហៅខាងគ្រូពេទ្យមកពិនិត្យ រួចក៏សង្ស័យឃើញរូបស្រដៀងរូបឃាតករដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

យោងតាមរូបសាក់នៅស្មារដៃខាងឆ្វេងមានឈ្មោះ Hour & Mey 25.03.2022 ដែលតំណាងការចាប់ផ្តើមនៃសេចក្តីស្រឡាញ់ របស់ឃាតករនិងនារីរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យកំពុងសង្គ្រោះបន្ទាន់និងស្ថិតក្រោមការយាមការពារពីសមត្ថកិច្ចនៅមន្ទីរបង្អែកខេត្តព្រះវិហារ ដើម្បីបញ្ជូនជនសង្ស័យទទួលទោសនូវអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធីច្បាប់ ៕