គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មហាជនសំណូមពររដ្ឋមន្ត្រីក្រសួងបរិស្ថានជួយដោះស្រាយបញ្ហាផលប៉ះពាល់សុខភាពបណ្តាលមកពីផ្សែងភ្លើង


ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវរថភ្លើងដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១និងបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងផលប៉ះពាល់សុខដែលបណ្តាលមកពីក្រុមអាជីវករស្ងោរពោតលក់ជាទ្រង់ទ្រាយធំ ជារៀងរាល់ថ្ងៃ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានចុះដោះស្រាយបញ្ហាខាងលើនេះ បានដាក់គោលការណ៍ចំនួន០៤ចំណុចមានដូចជា៖ 

១.ឯកភាពឱ្យស្ងោរពោតចាប់ពីម៉ោង ៣ទៀបភ្លឺ ដល់ម៉ោង៧ព្រឹក (សាកល្បងរយៈពេល១ខែ ដោយគិតចាប់ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣) ។ 

២. ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ឱ្យបានស្អាតជាប្រចាំ ដាក់អុសឱ្យមានរបៀបរៀបរយ រក្សាអនាម័យ ឱ្យបានស្អាត។

៣. រក្សាទំនាក់ទំនងល្អជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាង។

៤.មិនត្រូវចាក់ទឹកបង្ហៀរលើផ្លូវជាដាច់ខាត។


មកដល់ម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សកម្មភាពជាក់ស្តែងនៃក្រុមអាជីវករស្ងោរពោតលក់ មិនព្រមអនុវត្តតាមគោលការណ៍របស់រដ្ឋបាលខណ្ឌទួលគោកឡើយ ។ 


ដោយក្រុមការងាររដ្ឋបាលតែងតែចុះមកត្រួតពិនិត្យពេលមានប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពដុតភ្លើងស្ងោរពោតហួសពេលវេលាកំណត់ និងការមិនចូលរួមទុកដាក់ក្តារកុងផ្លាកេឬក្តារពុម្ភសំណង់ដើម្បីធ្វើអុសដុត រូមទាំងអនាម័យផងដែរ។


យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថា មានសមាជិកក្រុមអាជីវករស្ងោរពោតបានទៅស្រែកគម្រាមសម្លាប់ ឬដុតផ្ទះសម្បែង លោកយាយៗដែលរងផលប៉ះពាល់សុខភាពពីផ្សែងភ្លើងទៀតផង។


យោង​ទៅ​តាម​ទិន្ន​ន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) កន្លែង​ដែល​សម្បូរទៅ​ដោយ​ខ្យល់​កខ្វក់​គឺ​នៅ​ទី​ប្រជុំជន និង​ទី​ក្រុង ឯ​ការ​បំពុល​បរិយាកាស​ដែល​មាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​គឺ​នៅ​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។  

ក្នុងឆ្នាំ២០១២ មានមនុស្ស ៣លាន ៧សែននាក់ស្លាប់ ដោយសារជម្ងឺ ដែលបណ្តាលមកពី ខ្យល់ពុលនៅខាងក្រៅផ្ទះ នៅក្នុងពេលមនុស្សជាង ៤លាននាក់ផ្សេងទៀតស្លាប់ ដោយសារផ្សែងពុល ដែលបង្កឡើងក្នុងផ្ទះ។ 

និយាយឲ្យចំផ្សែងពុល ដែលកើតចេញពីផ្សែងចង្រ្កាន ដែលឆេះដោយអុស ធ្យូង ឬ ផ្សែង ដែលចេញមកពីម៉ាស៊ីនកំដៅផ្សេងៗ ដែលមាននៅក្នុងផ្ទះ។

តាមអ្នកជំនាញសុខភាពគ្រួសារ របស់អង្គការសុខភាពពិភពលោក ស្រ្តី និង កុមារ ជាអ្នករងគ្រោះច្រើនជាងគេ ដោយផ្សែងពុលក្នុងផ្ទះ ដោយមូលហេតុ មកពីពួកគេចំណាយពេលច្រើននៅក្នុងផ្ទះ និង ហិតស្រូប យកផ្សែងពុលទាំងប៉ុន្មាន ដែលហើរចេញពីចង្រ្កានដុតអុស។


អង្គការសុខភាពពិភពលោក បានបង្ហាញកាន់តែច្បាស់ ពីការជាប់ទាក់ទងគ្នារវាងផ្សែងពុល បរិយាកាស និង ជម្ងឺមហារីកសួត ជម្ងឺបេះដូង និង ជម្ងឺ ផ្លូវដង្ហើម។

កាលពីខែ តុលា ឆ្នាំ ២០១៣ មជ្ឈមណ្ឌលអន្តរជាតិ ដើម្បីស្រាវជ្រាវជម្ងឺមហារីក របស់អង្គការសុខភាពពិភពលោក បានចេញអនុសាសន៍ ស្នើឲ្យគេប្រកាស ចាត់ទុកផ្សែងពុលក្នុងបរិយាកាស ដែលចេញពីម៉ាស៊ីនរថយន្ត ផ្សែងរោងចក្រ ឧស្សាហកម្មជាដើម ជាភ្នាក់ងារបង្កឲ្យ កើតមានជម្ងឺមហារីក។

រួមទាំងក្នុងឆ្នាំ២០២១ផលប៉ះពាល់នៃខ្យល់កង្វក់៖ ខ្យល់កខ្វក់​កើតចេញពី​ឧស្ម័ន​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ដូច​ជា​កាបូន​ម៉ូណូអុកស៊ីត និង​អាសូត​ឌីអុកស៊ីត ​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដល់​មនុស្ស​បាន។ 

ជា​ការ​ពិត​ណាស់​នៅ​ទូទាំង​ពិភព​លោក​មាន​មនុស្ស ១ នាក់​ក្នុង​ចំណោម ៩ នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ខ្យល់​កង្វក់។ ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស ១,៤ លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ (Stroke) និង​មាន ២,៤ លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង។ 

អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​ថា​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ការ​បំពុល​ខ្យល់​ជាង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។ 

មនុស្ស​ដែល​មាន​ការ​ប៉ះពាល់​នឹង​ខ្យល់​កខ្វក់​​ទាំង​នៅ​ក្រៅ ឬ​ក្នុង​ផ្ទះ​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ដូច​ជា​ជំងឺ​មហារីក​សួត និង​ជំងឺផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដូច​ជា​ជំងឺរលាក​សួត។


ចំពោះបញ្ហាខាងលើនេះលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌទួលគោក រួមទាំងក្រុមការងារចុះមកដោះស្រាយត្រួតពិនិត្យតាមដានជាច្រើនលើកមកហើយនិងកំពុងវាយតម្លៃផងដែរ។


នៅក្នុងតារាងសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជារបស់ក្រសួងបរិស្ថានបានបែងចែកជា០៦ពណ៌និងពិពណ៌នាអំពីផលប៉ះពាល់ផងដែរ។

ជាក់ស្តែងកន្លែងក្រុមអាជីវករស្ងោរពោតទ្រង់ទ្រាយធំនេះ បានដុតក្តារកុងផ្លាកេឬក្តារពុម្ភសំណង់ និងវត្ថុផ្សេងៗចាប់ពីម៉ោង៣ភ្លឺ ដែលមានផ្សែងភ្លើងហ៊ុយនិងកំដៅក្តៅ​ គ្មានលក្ខណៈស្តង់ដាបច្ចេកទេស ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពនិងបរិស្ថានក្នុងរាជធានីភ្នំពេញ។


ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយដោះស្រាយបញ្ហាសុខភាពសាធារណៈ ដែលរងផលប៉ះពាល់ពីផ្សែងភ្លើង ដោយក្រុមអាជីវករស្ងោរពោតជាទ្រង់ទ្រាយធំ កំពុងដុតសំណល់រឹងផ្សេងៗបញ្ចេញផ្សែងបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ៕





Post a Comment

0 Comments