គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សម្ដេច ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង ឯកឧត្តម ស សុខា បាន​ប្រកាសចេញសារអបអរសាទរកម្ពុជា ដែលត្រូវបាន FATF សម្រេចដកចេញពីបញ្ជីប្រផេះ



រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា អង្គការ​ហ្វា​ត (FATF) បាន​សម្រេច​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ហើយ​។

សម្ដេច ស ខេ​ង លើក​ឡើង​បែប​នេះ នា​ឱកាស​អញ្ជើញ​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា «​តាម​របាយការណ៍​របស់ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា មហាសន្និបាត​នៃ​អង្គការ FATF កាលពី​ថ្ងៃ​ទី​២១ ដែល​កិច្ចប្រជុំ​ត្រៀម​បំរុង សម្រាប់​ថ្ងៃ​ទី​២៤ នោះ គឺ​បាន​សម្រេច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​។ ប៉ុន្ដែ​ប្រកាស​ជា​ផ្លូវការ​តាម​ព័ត៌មាន គេ​នឹង​ធ្វើ​ម៉ោង​១០ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ យើង​រង​ចាំ​ព័ត៌មាន​នេះ​ទាំងអស់​គ្នា​»​។

សម្តេច​លើក​ឡើង​ថា ដំណឹង​នេះ​ពិតជា​ល្អ​សម្រាប់​កម្ពុជា​ហើយ ប៉ុន្តែ​ស្រប​ពេល​ជាមួយនឹង​អ្វី​ដែល​ទទួល​នេះ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​ផង​ដែរ​ក្នុង​ការ​បន្ត​ការពារ​កម្ពុជា​ក្នុង​កិច្ចសហការ​ជាមួយ​អង្គការ FATF ។

សម្ដេច​ក្រឡាហោម​បាន​បន្ដ​ថា «​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ភ្លេចខ្លួន ក្នុង​ការ​កិច្ច​សហប្រតិបត្តិការ​នានា​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ព្រមទាំង​រួម​សាមគ្គី​គ្នា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ដ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​លទ្ធផល​ដែល​ខិតខំ​ជាមួយ​អង្គការ FATF​នេះ​» ។

សូម​រំលឹក​ថា អង្គការ FATF​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២ បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ស្ថិត​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​៕

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន អបអរសាទរកម្ពុជា ដែលត្រូវបាន FATF សម្រេចដកចេញពីបញ្ជីប្រផេះ។

ឯកឧត្តម ស សុខា បានសរសេរយ៉ាងដូច្នេះថា ៖ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ឯកឧត្តមពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលដំណឹងថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ ឬ “FATF” បានបង្ហាញព័ត៌មានជាផ្លូវការនៅលើគេហទំព័រ(Website) របស់ខ្លួន ដោយបញ្ជាក់ថាកម្ពុជាយើងលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ ។

ឯកឧត្តម ស សុខា បានបន្តថា លទ្ធផលដ៏អស្ចារ្យមួយនេះ កើតឡើងពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការវាយតម្លៃផ្ទាល់ពី FATF ។

ក្នុងសារអបអរដដែល ឯកឧត្តម ស សុខា បានបន្តទៀតថា ការប្រកាសដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមិនមានសមាជិកណា ចេញមុខជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។

ផ្ទុយទៅវិញកម្ពុជាយើងទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន ១៨ ស្ថាប័នអន្តរជាតិ ចំនួន ២ (APG និង EU Commission) និងប្រទេសសមាជិក ចំនួន ១៦ ទៀតដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕

អត្ថបទ ៖ សេង បូលីន

ប្រភព ៖ Page : Sar Sokha

Post a Comment

0 Comments