(ភ្នំពេញ)៖ នៅវេលាម៉ោង ១៧៖៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាននារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញជនសង្ស័យដែលធ្លាប់ចាប់រំលោភនាងនៅខេត្តព្រៃវែងកាលពីឆ្នាំ២០១៦ និង២០១៧ កំពុងនៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តាមរយៈវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងស្រី បានរៀបរាប់ឲ្យដឹងថា ខ្លួនត្រូវបានជនសង្ស័យ ឈ្មោះ អ៊ីងភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ចាប់រំលោភកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លាប់ និងដើរបរិហាកេរ្តិ៍ខ្លួនជាសាធារណៈ។
ក្រោយមកខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅ តុលាការខេត្តព្រៃវែង តែជនសង្ស័យបាន រត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង។ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។
រហូតដល់ឆ្នាំ២០២០ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះ អ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារកំណត់រយៈពេល០៧(ប្រាំពីរឆ្នាំ) ពីបទ រំលោភសេពសន្ថវៈ និងបទបរិហាកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរក ជនជាប់ចោទនេះឃើញ។
ទើបតែមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ខ្លួនបានប្រទះឃើញ ជនល្មើសនៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។
ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនង ទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅពន្ធនាគារ ខេត្តព្រៃវែង៕
✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments