ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ ខាងមុខនេះ គឺនៅវេលាម៉ោង ១៦,០០នាទីរសៀល។
ទោះបីជាមានការរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មានរបៀបខុសៗគ្នា ប៉ុន្តែបើតាមទនៀមពីបុរាណតរៀងមកគឺ ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
ទន្ទឹមនោះក៏ត្រូវក្រាលសំពត់ពណ៌ស ឬក៏ពណ៌ក្រហមទៅតាមលទ្ធភាពដែលយើងមាន។ក្រៅពីនោះត្រូវត្រៀមនូវរណ្តាប់ដែលជាគ្រឿងទទួលទេវតាឆ្នាំថ្មី ដែលរួមមាន ៖ បាយសី៩ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ រៀបដាក់លើពាន១១គូ ដូងទ្បៅមួយគូ និងទឹកស្អាត២កែវ។
នៅម៉ោងដែលទេវតាត្រូវចុះមកនោះ ត្រូវប្រមូលគ្រួសារមកជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រយ័ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាត បរិសុទ្ធជ្រះស្រទ្បះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក រហូតចប់ពិធីទទួលទេវតា។
សូមជម្រាបថា ចំពោះបាយសី៩ ថ្នាក់និង៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង។
ប៉ុន្តែសម្រាប់ប្រជារាស្ត្រគួរធ្វើតែបាយសី៥ថ្នាក់ចុះមកក៏បានដែរ ឬក៏រៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរហើយ។
ចំណែកផ្លែឈើក៏ដូចគ្នាគឺរៀបត្រឹម៥មុខ ឬក៏៤មុខក៏បានដែរ តាមធនធានរៀងៗខ្លួន។ ទន្ទឹមនោះនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើ ខណបាយសីក៏ត្រូវដុតទៀនបំភ្លឺផង៕
0 Comments