នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះក្នុងបទល្មើសឆបោកប្រាក់ម្នាក់ចាប់ពី $1500 រហូតដល់ $2500 បានជួបជុំគ្នាផ្តល់បទសំភាសន៍ដល់សារព័ត៌មាន មួយរៀល នៅភូមិចារ្យជុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ពលរដ្ឋជាច្រើននាក់ក្នុងចំណោម២៨គ្រួសារ បានកើតទុក្ខមិនសុខចិត្ត ចំពោះការចាញ់បោកបញ្ឆោទពីលោក លឹម សុថាត បាននាំលោក នួន ណារិទ្ធ ក្លែងជាបុគ្គលិកធនាគារឬអង្គការក្រៅរដ្ឋាភិបាល ដោយបង្កើតគម្រោងមួយ សន្យាជួយសងប្រាក់ដើមនិងការប្រាក់ជាប្រចាំខែ ក្នុងរយៈពេល៤ឆ្នាំ ។
ពលរដ្ឋបន្តថា លោក លឹម សុថាត ជាអ្នកនាំលោក នួន ណារិទ្ធ ដើរតួក្លែងជាបុគ្គលិកអង្គការឬធនាគារ មកលើកគម្រោងជួយពលរដ្ឋក្រីក្រ ដោយតម្រូវឱ្យមួយគ្រួសារទៅខ្ចីលុយពីធនាគារណាក៏បានដែរចំនួន $4000 យកមកពង្រីកមុខរបរមានដូចជា ចិញ្ចឹមគោចិញ្ចឹមជ្រូក និងលក់ដូរចាប់ហ៊ួយ ។
គឺប្រើប្រាស់ដើមទុនដែលខ្ចីបានចំនួន $2500 សល់លុយ $1500 យកទៅដាក់ក្នុងគណនីវ៉ីង ទើបខាងបុគ្គល នួន ណារិទ្ធ ចេញសងប្រាក់ដើមនិងប្រាក់ការជាប្រចាំខែ រហូតគ្រប់ចំនួន៤ឆ្នាំ ។
នៅពេលប្រជាពលរដ្ឋដែលខ្ចីលុយពីធនាគារផ្សេងៗបានលុយចំនួន $4000 គាត់ត្រូវទៅបើកគណនីវ៉ីងដើម្បីដាក់លុយ $1500 តំកល់ទុកក្រែងលជួបបញ្ហាហានិភ័យ ជាមួយលោក លឹម សុថាត ដោយប្រាប់ទាំងលេខគណនីនិងលេខសំងាត់ឱ្យគាត់ដឹង ។
នារសៀលម៉ោង១៤និង៥៦នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបាទ អ៊ុក សុវណ្ណដារារាជ្យ ចាងហ្វាងគេហទំព័រ មួយរៀល បានខលសាកសួរលោក លឹម សុថាត គាត់ប្រាប់ថាល្ងាចនេះរវល់រួចបិទទូរស័ព្ទ ។
សូមបញ្ជាក់ថា ករណីឆបោកលុយប្រជាពលរដ្ឋនេះគឺនៅដើមឆ្នាំ២០២១ ដំបូងលោក លឹម សុថាត បានទៅនិយាយជាមួយលោកស្រីផាន់ ស្រ៊ាន់ រយៈពេលចំនួន០៣ថ្ងៃ និង បានរៀបចំឆាកមនុស្សធម៌ ចែកអំណោយនៅសាលាឆទានក្នុងភូមិចារ្យជុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីបង្កើនទំនុបចិត្តលើគម្រោងជួយសងប្រាក់ដើមនិងប្រាក់ការរយៈពេលចំនួន៤ឆ្នាំ ។
ដោយឡែកលោក នួន ណារិទ្ធ ខលទំនាក់ទំនងមិនបាននិងបាត់ខ្លួន តាំងពីពលរដ្ឋបានបាត់លុយក្នុងគណនីវ៉ីងតែម្តង ។
ចំពោះករណីនេះ មនុស្សចំនួន០៣នាក់ តំណាងប្រជាពលរដ្ឋចំនួន១៨គ្រួសារ ស្ថិតនៅក្នុងសហគមន៍ ភូមិកំពង់ឈើទាល ភូមិចារ្យជុំភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សំណើរសុំប្តឹងលោក លឹម សុថាត ជាមន្ត្រីជលផល ពីបទឆបោក ទៅឯកឧត្តមស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។
ដោយឡែកខាងស្នងការនគរបាលខេត្តកំពង់ធំ ក្រោយបើកការស្រាវជ្រាវស៊ើបអង្កេត បានបញ្ជូនសំណុំរឿងខាងលើទៅដោះស្រាយ នៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។
មកទល់នាពេលបច្ចុប្បន្នមាន០៦គ្រួសារទទួលបានដំណោះស្រាយ និងពលរដ្ឋច្រើនគ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយ៕
0 Comments