ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង  ភូមិគីឡូម៉ែត្រ៣៨  ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ឆ្ពោះទៅខេត្តប៉ៃលិន   


ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាននេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និងលោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ 


បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង៤០ឆ្នាំ  


លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែល ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៏និងវិចិត្រសិល្បៈជាមួយសារមន្ទីរជាតិប្រវត្តិសាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ 


ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែកថ្មរំលីងភាជន៍ គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។   


លទ្ធផលវិភាគលើវត្ថុបានពីកំណាយបង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទីមានបីដំណាក់កាលផ្សេងគ្នា៖   សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ ឆ្នាំវប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។ 


កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្រ្តបីផ្សេងៗគ្នា ដូចជា៖ (14C,  OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នាចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ ម៉ែត្រ។ 


រហូតមកទល់ពេលនេះ  ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។  


ផ្អែកលើកាលប្រវត្តិ បរិមាណនិងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរ ពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕


☎️ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚